Saturday, October 2, 2010

សម្តេច​តេជោ ហ៊ុន សែន ដឹកនាំគណៈ​ប្រតិភូ​ អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ី​-អឺរ៉ុប លើកទី​៨ ក្រោម​ប្រធានបទ «គុណ​ភាព​នៃ​ជីវិត»



ថ្ងៃ សុក្រ ទី ១ ខែ តុលា ឆ្នាំ ២០១០
 
រាជធានីភ្នំពេញ ៖ សម្តេច​តេជោហ៊ុន សែន នាយករដ្ឋ​មន្ត្រី បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាល​អញ្ជើញ​​ចូលរួម​កិច្ច​ ប្រជុំ ​អាស៊ី-អឺរ៉ុប ​លើកទី​៨ ក្រោម​ប្រធា​ន​បទ «គុណ​ភាព​នៃ​ជីវិត» និងមាន​​ការពិភាក្សា​ស្តីពី​​អភិបាល​កិច្ច​​ ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ បញ្ហា​សេដ្ឋ​កិច្ច និង​បំរែ​បំរួលអាកាស​ធាតុ​កាលពី​វេលា​ម៉ោង​៧​យប់ថ្ងៃទី​១ តុលា ឆ្នាំ​២០១០ នៅទី​ក្រុង​​ប៊្រុច​សែល តប​តាម​ការ​អញ្ជើញ​របស់​លោក​ហេ​មេន វ៉ាន់​រ៉ូម​ពុយ ប្រធានក្រុមប្រឹក្សា​អឺរ៉ុប​ និង​លោក​អ៊ីវ ឡឺតែម​ នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ប៊ែល​ហ្ស៊ិក ។

កិច្ច​ប្រជុំ​អាស៊ី​-​អឺរ៉ុប​លើកទី​៨នេះ នឹង​ប្រព្រឹត្ត​ធ្វើឡើង​​ពីថ្ងៃទី​៤ ដល់ទី​៥​ តុលា នៅ​ទី​ក្រុង​ប៊្រុច​សែល ប្រទេស​ប៊ែល​ហ្ស៊ិក ។ នៅ​ព្រលាន​យន្ត​ហោះ​​​អន្តរជាតិ​ភ្នំពេញ គេ​សង្កេត​ឃើញ ​គណៈ​ប្រតិ​ភូ​អម​ដំណើរ​សម្តេច​តេជោ​ រួម​មាន​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​​​ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្រសួង​​កា​របរទេស លោកទេស​រដ្ឋ​មន្ត្រី​ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជ​កម្ម លោកសុខ ចិន្តា លោកស្រីុ ថាម​រុង្គ រដ្ឋ​មន្ត្រី​​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី និង​មន្ត្រីជាន់​ខ្ពស់​​ជា​ច្រើន​ទៀត បាន​អញ្ជើញ​​ជូនដំណើរ​ ។

យោង​តាម​ប្រភព​ព័ត៌​មាន​ពី​ក្រសួង​ការ​បរទេស​​បាន ​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះនឹង​មាន​មេ​ដឹកនាំ​៤៦​ប្រទេសចូលរួម ហើយពួកគេ​នឹង​ពិភាក្សា​ផ្តោត​សំខាន់​ទៅលើ​អភិបាលកិច្ច​ ការ​អភិ​វឌ្ឍ​ប្រក​ប​ដោយ​ចីរភាព​ បញ្ហា​​សេដ្ឋ​កិច្ច​ ​​ការ​ប្រែ​ប្រួល​អាកាសធាតុ សន្តិសុខនៅ​តាម​តំបន់​សមុទ្រ កំណែ​ទំរង់​ប្រព័ន្ធរបស់អង្គការ​សហ​ប្រជា​ជាតិ​ និង​កិច្ច​ព្រម​ព្រៀង​ស្តីពី​​ភាព​គ្មាន​អាវុធនុ​យ​ក្លេអ៊ែរ ។ មេ​ដឹកនាំ​​ប្រទេស​ទាំង​អស់ នឹង​ស្វាគមន៍​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់ដៃ​គូ​សហ​គមន៍​​អឺរ៉ុប ជប៉ុន អូស្ត្រាលី ​និងញូវ​ហ្សេឡែន ដើម្បី​ផ្តល់​នូវហិរញ្ញវ​ត្ថុ សំរាប់​បញ្ហា​បរិស្ថាន។ ក្រោយ​ពី​កិច្ច​ប្រជុំ​នេះ​សម្តេច​តេជោ​ហ៊ុន សែន អាច​នឹង​​ជួប​ពិភាក្សា​ការងារ​​មួយចំនួន​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ​ អាប់​ភីស៊ីត វេចាជីវ៉ា ដើម្បី​ពង្រីក​ទំនាក់ទំនង​ និង​បង្កើន​ទំនុក​ចិត្ត ៕

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Archive

Template by:

Free Blog Templates