នៅឆ្នាំ២០១៥ ខាងមុខនេះ ប្រទេសអាស៊ាន នឹងរួមបញ្ចូលគ្នាជាសហគមន៍តែមួយ។ ថ្ងៃនេះ Sabay សូមនាំអារម្មណ៍ប្រិយមិត្តបានស្គាល់ក្រុមចម្រៀងស្អាតៗពីប្រទេសអាស៊ានទាំង ១០ក្រុម។ សូមឱ្យពិន្ទុផង ថាតើក្រុមមកពីប្រទេសណាមួយស្អាតជាងគេ?
១. កម្ពុជា (Cambodia)
The Like Me
បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា មិនមានក្រុមចម្រៀងស្រីទេ ប៉ុន្តែកាលពីមុនប្រទេសកម្ពុជាយើងក៏ធ្លាប់មានក្រុមចម្រៀងស្រីដែរដូចជាក្រុមចម្រៀងស្រីរបស់ផលិតកម្មហង្សមាសដែលមាន ៖ អ្នកនាង គីម លក្ខិណា កញ្ញា ពេជ្រ សោភា និង កញ្ញា ឈិត សុវណ្ណបញ្ញា ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រិយមិត្តអ្នកគាំទ្រតាមរយៈបទ “ហៅខ្យល់ឲ្យត្រលប់” ជាដើម ប៉ុន្តែក្រោយពីអ្នកនាង គឹម លក្ខិណា ចាកចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីមក ក្រុមចម្រៀងនេះក៏រលាយបាត់ទៅ។
ចំណែកក្រុមចម្រៀងស្រីដែលមានឈ្មោះថា “ទេពអប្សរ” ឬ “Angel” ក្រោយពីចេញចម្រៀងបានតែមួយអាល់ប៊ុមហើយ មិនសូវបានទទួលការគាំទ្រ ក៏បានសាបរលាបអស់ទៅវិញដូចគ្នា។ សម្រាប់ “The Like Me” របស់កញ្ញា Laura Mam វិញ គឺជាក្រុមចម្រៀងដែលមិនស្ថិតនៅក្នុងប្រទេសកម្ពុជាទេ តែដោយហេតុតែក្រុមនេះជាក្រុមបង្កើតដោយកូនខ្មែរទើប Sabay ចាត់ចូលជាក្រុមចម្រៀងស្រីរបស់ប្រទេសកម្ពុជាតែម្តង។
២. ឥណ្ឌូណេស៊ី (Indonesia)
7 ICONS
ជាក្រុមចម្រៀងស្រីរបស់ប្រទេសឥណ្ឌូណេស៊ីដែលមានសមាជិកទាំងអស់ ៧ រូបបង្កើតឡើងក្នុងឆ្នាំ២០១០។ ក្រុម 7ICONS គឺជាក្រុមចម្រៀងស្រីដំបូងរបស់ប្រទេសឥណ្ឌូណេស៊ីដែលរួមបញ្ចូលគ្នាទាំងចម្រៀង និងក្បាច់រាំ។ ពួកនាងទាំង ៧មិនត្រឹមតែច្រៀងពីរោះ និងពូកែរាំនោះទេ ថែមទាំងមានសម្រស់ស្អាតមិនចាញ់តារាសម្ដែងប៉ុន្មានទេ។
៣. ម៉ាឡេស៊ី (Malaysia)
M-Girls
ក្រុមចម្រៀងស្រី M-Girls មានសមាជិកទាំងអស់ ៣នាក់។ ក្រុមនេះបង្កើតឡើងតាំងពីចុងឆ្នាំ២០០០ ដើម្បីបម្រើអារម្មណ៍ប្រជាជននៅក្នុងសហគមន៍ចិននៃប្រទេសម៉ាឡេស៊ី។ ក្រុម M-Girls ភាគច្រើនចេញតែអាល់ប៊ុមចម្រៀងជាភាសាចិនដើម្បីច្រៀងអបអរសាទរឆ្នាំថ្មីនៅរៀងរាល់រដូវកាលបុណ្យចូលឆ្នាំចិនរាល់ឆ្នាំប៉ុណ្ណោះ។
៤. ឡាវ (Laos)
Genii
ក្រុមចម្រៀងស្រីស្អាតដែលមានសមាជិកទាំងអស់បីរូបនេះ បានបង្កើតឡើងក្នុងឆ្នាំ២០១០ នៅក្នុងផលិតកម្ម Indee Records ដោយចេញបទចម្រៀងដំបូងមានចំណងជើងថា “Yorm Jai Orn” ឬ “ព្រមចិត្តទន់” ។ ក្នុងឆ្នាំ ២០១០ ជាមួយនឹងបទចម្រៀងដំបូងពួកនាងបានទទួលពានរង្វាន់ជាក្រុមចម្រៀងស្រីពេញនិយមបំផុតនៅប្រទេសឡាវ ឬ ពានរង្វាន់ “Most Popular Award” ក្នុងកម្មវិធី Laos Entertainment Awards ទៀតផង។
៥. មីយ៉ាន់ម៉ា (Myanmar)
Me N Ma Girls
ស្រីស្រស់ Me N Ma Girls គឺជាក្រុមចម្រៀងស្រីរបស់ប្រទេសមីយ៉ាន់ម៉ា (ភូមា) ដែលមានសមាជិកទាំងអស់ប្រាំរូប។ ក្រុមចម្រៀងស្រី Me N Ma Girls បានបង្កើតឡើង បន្ទាប់ពីប្រទេសនេះបានធ្វើកំណែទម្រង់នយោបាយមក។ ក្រុមចម្រៀងស្រីទាំងប្រាំរូបនេះ បានត្អូញត្អែរដែរថា នាងជួបការលំបាកជាច្រើនដោយសារតែឪពុកម្តាយ និងប្រទេសជាតិអភិរក្សនិយមច្រើនពេក។
៦. ហ្វីលីពីន (Philippines)
General Luna
ក្រុមចម្រៀងរ៉កស្រី General Luna ដែលមានសមាជិកទាំងអស់ប្រាំរូបរបស់ប្រទេសហ្វីលីពីននេះ មានសមត្ថភាពពិសេសជាងគេ ដោយសារតែពួកនាងអាចលេងតន្ត្រីដោយខ្លួនឯងបាន។ ក្នុងចំណោមសមាជិកទាំង ៥ មានម្នាក់ជាអ្នកច្រៀង បីនាក់ជាអ្នកលេងហ្គីតា និងម្នាក់ជាអ្នកវាយស្គរ។
៧. សិង្ហបុរី (Singapore)
Skarf
ក្រុមចម្រៀងកូនកាត់ សិង្ហបុរី និង កូរ៉េខាងត្បូងនេះ មានសមាជិកទាំងអស់ចំនួន ៥រូប។ ពួកនាងទាំង៥ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងប្រទេសសិង្ហបុរី។ សមាជិកទាំង ៥រូបរួមមាន ៖ Ferlyn, Hana, Tasha, JooA, និង Jenny។
៨. ថៃ (Thailand)
G-Twenty
ក្រុមចម្រៀងស្រីពីប្រទេសថៃ G-Twenty ឬ G-20 មានសមាជិកទាំងអស់៥រូប គឺជាក្រុមចម្រៀងស្រីមួយក្នុងចំណោមក្រុមចម្រៀងវ័យក្មេងដ៏ពេញនិយមនៅ ក្នុងប្រទេសថៃ។ សមាជិកទាំង៥ រូបនៃផលិតកម្ម Mono Music នេះបានប្រឡូកចូលក្នុងវិស័យសិល្បៈក្នុងឆ្នាំ២០១០ ។ G-Twenty គឺជាក្រុមចម្រៀងស្រីទីមួយរបស់ ប្រទេសថៃដែលមានវត្តមាននៅលើវេទិកាកម្មវិធីបង្ហាញសមត្ថភាព “Star King” របស់ប្រទេសកូរ៉េខាងត្បូង រហូតត្រូវគេប្រសិទ្ធនាមឲ្យថា 2NE1 និង 4minute ថៃទៀតផង។
៩. វៀតណាម (Vietnam)
4ME
ក្រុមចម្រៀងស្រីពីប្រទេសវៀតណាមដែលមានសមាជិកបួនរូបនេះ មិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែ 4ME បានទាញចិត្តយុវវ័យនៃប្រទេសវៀតណាមដោយសារតែការតុបតែងខ្លួនដូចជាតារាចម្រៀងស្រីពីប្រទេសកូរ៉េខាងត្បូងថែមទៀតផង។ ក្រុមចម្រៀងដែលមានសមាជិកអាយុយ៉ាងតិច ១៣ ឆ្នាំនិងយ៉ាងច្រើន ២០ ឆ្នាំនេះកំពុងតែមានប្រជាប្រិយណាស់នៅក្នុងប្រទេសវៀតណាម។
0 comments:
Post a Comment